ព្រៃខ្មោច

ទើបនិងបែកពីរបបប៉ុលពត ជំងឺអាសន្នរោគបានរាលត្បាតពេញភូមិកោះសម្រោង ខេត្តកំពង់ចាម។ មនុស្សម្នាក្នុងភូមិមានការភិតភ័យគ្រប់ៗគ្នា ពេលយប់គេនាំគ្នាដុតបំពក់ភ្លើងគ្រប់ៗផ្ទះ ដើម្បីបង្អើលខ្មោចកុំអោយមកយកជីវិតគេ។

ការដុតភ្លើងនេះជាជំនឿខ្មែរយើងម៉្យាងដែលគេជឿថាខ្មោចខ្លាចភ្លើង។ ពេលយប់មកដល់ភ្លាមម្នាក់ៗគ្មានហ៊ានក្អកគ្រហែមទេ ហើយបិទទ្វារពន្លត់ភ្លើងក្នុងផ្ទះជិតឈឹង ដើម្បីកុំអោយខ្មោចចាប់ភ្លឹកថាមានមនុស្សក្នុងផ្ទះ។ លើកដំបូងទោះជានៅពេលថ្ងៃ ឫយប់ក៏ដោយតែកាលណាមានមនុស្សស្លាប់ គេតែងតែវាយគងជាសញ្ញា។ ឮសូរវាយគងម្តងៗជាពិសេសពេលយប់ មនុស្សម្នាញ័រខ្លួនដូចកូនសត្វ ចំណែកឆ្កែវិញព្រូស លូគ្មានឈប់ឈរ។ លុះដល់មនុស្សស្លាប់ច្រើនទៅគេលែងវាយគងតែម្តង គេធ្វើស្ងាត់ៗ ខ្លះគ្រាន់តែយកកន្សែងកន្ទេលទៅរុំខ្មោច ហើយលីយកទៅកប់ក្នុងព្រៃតែម្តង។ ផ្ទះណាមានមនុស្សស្លាប់គ្មានអ្នកណាហ៊ានឡើងសួរទេ ព្រោះគេខ្លាចឆ្លងរោគឫក៏ខ្លាចខ្មោចនោះ ពេលយប់គេឮសូរតែមាត់រអ៊ូៗដើរតាមផ្លូវ។ ចួនកាលគេឮថា 《ចូលផ្ទះនិងសិន កុំអាលសិនចាំស្អែក ទៅផ្ទះចុងភូមិវិញ ព្រោះដល់វេនវាហើយ》។ល។និង។ល។ ហេតុការណ៍រន្ធត់ញាប់ញ័រនេះធ្វើអោយ មនុស្សភ័យស្លន់ស្លោររកនិយាយអ្វីក៏លែងកើត។ ២~៣ថ្ងៃក្រោយមកស្រាប់តែអ្នកជិតខាងស្លាប់ម្នាក់ គេយកទៅកប់ភ្លាមឥតហ៊ានបង្អង់យូរឡើយ គាត់ស្លាប់ពីព្រឹក ស្រាប់តែល្ងាចឪពុកគាត់ស្លាប់ទៀត ស្រាប់តែស្អែកឡើងបងប្រុសគាត់ក៏ស្លាប់ដែល នៅចំពោះមុខហេតុការណ៍ដល់រន្ធត់នេះម្តាយគាត់ឡើងស្វាយខ្លួនអស់រលីង ព្រោះគាត់ភ័យពេក។ ២~៣ក្រោយមកស្រាប់តែខ្ញុំចាប់ឈឺ ម្តាយខ្ញុំក៏ភ័យឡើងនិយាយលែងចេញ គាត់បុណ្យអស់ហើយអរុក្ខអារក្ស ទេវតាទាំងប៉ុន្មាន ព្រោះខ្លាចខ្ញុំស្លាប់។ សំណាងល្អខ្ញុំគ្រាន់តែចុះក្អួតបន្តិចៗតែមិនស្លាប់។ នៅយប់នោះគ្មានអ្នកណាចាំមើលខ្ញុំទេ មានតែឪពុកធំខ្ញុំម្នាក់ឈ្មោះ《ធំរស់》ដែលហ៊ាននៅកំដរខ្ញុំ។ ខាងក្រៅផ្ទះខ្យល់បក់ឮសូរវ៉ូៗ ស្លឹកចេកប៉ះគ្នាឮសូរច្រាវៗ ខ្ញុំឈឺមែន តែគ្រាន់តែល្ហិតល្ហៃដេកមិនលក់ ខ្ញុំនៅដឹងខ្លួនទាំងអស់ ទោះបីអ្នកណានិយាយថាម៉ិចក៏ដោយ។ ម្តាយខ្ញុំមិនសង្ឃឹមថាខ្ញុំរស់ទេ មុខតែមិនឆាប់ក៏យូរប៉ុណ្ណោះ។ ពាក់កណ្តាលអធ្រាតទៅហើយ ខ្ញុំនៅតែគេងមិនលក់ ចំណែកធំរស់នៅសូត្រធម៌ចុងជើងខ្ញុំ នៅពេលធំរស់ស្ងាបបិទសៀវភៅធម៌ ស្រាប់តែគេឮឆ្កែព្រូសលូនៅមុខផ្ទះខ្ញុំ រួចមកឮសំលេងជើងស្រឹបៗដើរចូលមកក្រោមផ្ទះ៖ _ដូចជាមិនមែនផ្ទះនិងទេ! _ហ្នឹងហើយ! _ពួកយើងច្រឡំ ទេវ៉ី? _អើមែន!! ផ្ទះឯត្បូងទេតើ យើងពិតជាច្រឡំហើយ ព្រោះវាឥតទាន់ត្រូវទៅជាមួយយើងទេ! _បើអញ្ចឹងចេញទៅវិញ ខ្ញុំដេកលើកន្ទេល ឮសូរគេជជែកគ្នាយ៉ាងច្បាស់នៅក្រោមផ្ទះ។ ចំណែកធំរស់ ក៏គាត់ឮដូចខ្ញុំដែរ គាត់អង្គុយទ្រឹងមួយស្របក់ធំ ម្តាយខ្ញុំស្មានតែខ្ញុំដាច់ខ្យល់ស្លាប់ហើយ ក៏ស្ទុះមកស្ទាបដង្ហើមខ្ញុំ។ _វាអត់ទាន់អីទេល្បង《ម្តាយខ្ញុំសួរទៅធំរស់》 _វាពិតជាមិនស្លាប់ទេ ស្អែកច្បាស់ជាវាជាហើយ ព្រោះអម្បាញម៉ិញឮគេនិយាយច្បាស់ណាស់ ឈ្មោះវាឥតនៅក្នុងក្រាំងស្លាប់ទេ។ ឮដូច្នោះ ម្តាយខ្ញុំគាត់មានទឹកមុខថ្លាភ្លាមមួយរំពេច។ ស្អែកឡើងស្រាប់តែខ្ញុំធូរមែនទែន ហើយ២~៣ថ្ងៃក្រោយមកខ្ញុំក៏ជាដូចធម្មតាវិញ។ ជំងឺអាសន្នរោគកាលជំនាន់នោះ បានកាច់មនុស្សក្នុងភូមិខ្ញុំឡើងពាយ មនុស្សស្លាប់រាល់ថ្ងៃគេតែងយកទៅដុតនៅក្បែរព្រៃឫស្សី ប្រហែល៥០០ម៉ែត្រពីផ្ទះខ្ញុំ។ ដោយមនុស្សស្លាប់ច្រើនពេកទៅ ជួនកាលគេយកទៅគរទុកមួយយប់នៅគុម្ពឫស្សីព្រោះដុតមិនអស់ ចួនកាលដុតមិនទាន់ឆេះអស់ក៏ទុកចោល ដល់ព្រលឹមឡើងបានប្រមូលដុតម្តងទៀត។ យប់មួយនោះនៅពេលប្រលប់ បងប្រុសខ្ញុំនិងអ្នកចំការ២~៣នាក់បានដើរចេញពីចំការទាំងអស់គ្នា ដើរមកដល់ត្រង់កន្លែងដុតខ្មោចព្រៃឫស្សី បងខ្ញុំបែកញើសជោគថ្ងាសតែម្តង ព្រោះនឹកភ័យខ្លាចខ្មោចលង។ កំពុងតែនឹកគិតចឹង ស្រាប់តែក្បាលគាត់ទើសនិងស្អីទេ ធ្លាក់ឮសូរព្រូស...នៅនឹងមុខគាត់។ _ខ្មោចលង! ខ្មោចលង! បងខ្ញុំស្រែក។ លុះនាំគ្នាក្រឡេកមើលទៅ ឃើញខ្មោចមែនទែនធ្លាក់ចំពីមុខ តែជាខ្មោចដែលគេដុតមិនទាន់ឆេះអស់ គ្រាន់តែផ្សែងរោលខ្លួនតិចៗ ដោយសារតែសរសៃទាញចុះឡើង ខ្មោចនោះក៏ស្ទុះផ្លោងពីកន្លែងដុតតែម្តង។ ចំណែកនៅក្បែរៗនោះ គេក៏ឃើញខ្មោចឯទៀតដែលដុតមិនទាន៎ឆេះ ផ្លាតចេញពីកន្លែងដុតមកអង្គុយធ្វើមាត់ស្មេញ ស្មាញពេញតែផ្លូវ។
មានខ្មោចខ្លះផ្លាតទៅទើលើមែកឫស្សីយោងប៉េលប៉ោលគួរអោយខ្លាចពេកកន្លង។ លុះពេលព្រលឹមទើបគេ ទៅប្រមូលដុតម្តងទៀត។ ក្រោយមកខ្ញុំក៏ដូរទៅនៅវត្ត កណ្តាលកោះ។

image